ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់៖ សម្ដេចធិបតី បានអញ្ជើញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកបំពេញទស្សនកិច្ច នៅកម្ពុជាសារជាថ្មីម្ដងទៀត

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី មកបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្ដងទៀត។ ឆ្លើយតបនិងការអញ្ជើញនេះ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម បានឲ្យដឹងថា ឯកឧត្តមនឹងពិនិត្យមើលលទ្ធភាពឲ្យសមស្រប និងពេលវេលា ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៅឡើយទេ។
ការថ្លែងរបស់ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការបង្ហាញលទ្ធផល ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បានថ្លែងថា ទស្សនកិច្ចពេញមួយថ្ងៃនេះរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងបរិបទពិសេស គឺបរិបទនៃការសម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា តាំងពីខែសីហា ឆ្នាំ២០២៣។ ក្រោយពីក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធីបតី បានអញ្ជើញទៅបំពេញទស្សនកិច្ចជាបន្តបន្ទាប់ ដូចជានៅប្រទេសចិន វៀតណាម បារាំង ថៃ និងថ្ងៃនេះ នៅប្រទេសម៉ាឡេស៊ី។ ទាំងអស់នេះសុទ្ធតែជាទស្សនកិច្ចដែលប្រព្រឹត្តិទៅក្នុងបរិបទពិសេស ពីព្រោះក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវអញ្ជើញទៅបំពេញទស្សនកិច្ច ហើយត្រូវបញ្ជាក់ប្រាប់សមភាគីរបស់សម្ដេចថា កម្ពុជាចង់បន្តពង្រឹងទំនាក់ទំនងទ្វេភាគី រវាងគ្នានិងគ្នា ជាមួយបណ្ដាប្រទេសនីមួយៗ។ ព្រឹកមិញនេះនាឱកាសចរចា ជាមួយ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម សម្ដេចធិបតីបានអញ្ជើញជាផ្លូវការ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម ឲ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម បានបញ្ជាក់ថា នឹងពិនិត្យមើលលទ្ធភាពឲ្យសមស្របនិង ពេលវេលា ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីការបរិច្ឆេទនៅឡើយទេ។
សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃ តបតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំដដែល ៕
