កុលបុត្រ កុលធីតា ជាទំពាំងស្នងឬស្សី ១,០៧៧នាក់ ទទួលការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពចំណីអាហារ ក្នុងសាលារបស់ពួកគេ ពីមន្រ្តីជំនាញ ក.ប.ប.

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦-១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សដែលជាបុត្រា បុត្រីរបស់អាណាព្យាបាលនៅក្នុងអនុវិទ្យាល័យវត្តពោធិ៍ ដែលស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង នៃខេត្តកណ្ដាល និងអនុវិទ្យាក្រគរ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ សរុបចំនួន ១,០៧៧នាក់បានទទួលការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពម្ហូបអាហារ ឬភាសាសាមញ្ញគឺចំណីអាហារដែលកូនៗ ក្មួយៗបរិភោគជាប្រចាំថ្ងៃទាំងក្នុងសាលារៀន និងក្រៅសាលា និងកិច្ចការហាឡាលផងដែរ។
កម្មវិធីបណ្ដុះបណ្ដាលនេះគឺមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន និងមន្រ្តីជំនាញពាក់ព័ន្ធនៅទីនោះ ដែលក្នុងការបណ្ដុះបណ្ដាលនេះគឺមានគោលបំណងអប់រំ ផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សឱ្យបានយល់ ជ្រួតជ្រាបអំពីអ្វីទៅម្ហូបអាហារ ឬចំណីអាហារដែលគ្មាន និងមានសុវត្ថិភាពសម្រាប់សុខភាព និងផលប៉ះពាល់ពីការបរិភោគម្ហូបអាហារដែលគ្មានសុវត្ថិភាពទាំងអស់នោះ។
ដែលទាំងអស់គឺរួមចំណែកយ៉ាងច្រើនក្នុងការជួយឱ្យប្រជាជន ពិសេសក្មេងៗជំនាន់ក្រោយឱ្យមានសុខភាពល្អ និងក្លាយជាចលករយ៉ាងសំខាន់ក្នុងការកសាងមាតុប្រទេសឱ្យមានការីកចម្រើនលូតលសាស់ក្នុងសម័យសន្តិភាពនេះ។

