ក្រសួងមហាផ្ទៃឥណ្ឌា ណែនាំឲ្យផ្អាកការចេញចូលតាមព្រំដែនដោយសេរីជាមួយមីយ៉ាន់ម៉ា

បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងមហាផ្ទៃឥណ្ឌាបានផ្តល់អនុសាសន៍ឱ្យផ្អាកជាបន្ទាន់ការចេញចូលតាមព្រំដែនដោយសេរីរបស់ខ្លួនជាមួយមីយ៉ាន់ម៉ា។
របបចលនាសេរីអនុញ្ញាតឱ្យប្រជាជនមកពីប្រទេសទាំងពីរធ្វើដំណើរដោយគ្មានទិដ្ឋាការឆ្លងកាត់ព្រំដែនក្នុងរយៈពេលពីរបីគីឡូម៉ែត្រ។
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១ ជនស៊ីវិល និងទាហានរាប់រយនាក់បានភៀសខ្លួនទៅកាន់រដ្ឋឥណ្ឌាជាកន្លែងដែលសហគមន៍រវាងប្រទេសទាំងពីរមានទំនាក់ទំនងជនជាតិភាគតិច និងគ្រួសារ។ នេះបានធ្វើឱ្យទីក្រុងញូវដែលីព្រួយបារម្ភដោយសារតែហានិភ័យនៃភាពតានតឹងរីករាលដាលដល់ប្រទេសឥណ្ឌា។
មេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុនបានបន្តដាក់រដ្ឋក្នុងគ្រាអាសន្នចាប់តាំងពីមានរដ្ឋប្រហារ ខណៈដែលរបបយោធាកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការបះបោរដែលបង្ហូរឈាម និងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានសាកល្បងសមត្ថភាពគ្រប់គ្រងយ៉ាងធ្ងន់ធ្ងរ។
ប្រភព៖ The Business Standard
ប្រែសម្រួលដោយ៖ ឡាយ លីហួ
