តារាកំប្លែងជើងចាស់និងអាជីវករថៃ! ស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាច្រើននាក់ដែលកំពុងរស់នៅប្រទេសថៃ បានចេញសារអបអរសាទរនិងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ក្រៅពីនេះក៏មានពលរដ្ឋថៃជាច្រើនបានចេញសារស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
លោកធូ ឡេះ តារាកំប្លែងជើងចាស់ថៃ រស់នៅទីក្រុងបាងកក បានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា អញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ តារាកំប្លែងជើងចាស់រូបនេះ បានជូនពរសម្តេចនាយករដ្ឋមន្ត្រី សម្រេចរាល់កិច្ចការចរចា ការងារនិងធុរកិច្ចផ្សេងៗ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ។
សម្រាប់អាជីវករថៃ អ្នកនាង វរិផា កាន់កានុក រស់នៅទីក្រុងបាងកក ក៏បានសម្តែងការសាទរនិងត្រេកអរចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូមកកាន់ប្រទេសថៃ។ ស្ត្រីជាអាជីវករថៃរូបនេះ បានគោរពជូនពរសម្តេចនាយករដ្ឋមន្ត្រីជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថា សម្តេចនឹងអញ្ជើញមកទស្សនកិច្ចនៅប្រទេសថៃ ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ៕

