ខ្មាន់កាំភ្លើងដៃឆៅ ចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ ខណៈកំពុងហូបបាយ បណ្តាលឲ្យរបួសធ្ងន់ ៣នាក់ នៅក្រុងពោធិ៍សាត់

ភ្នំពេញ៖ ខ្មាន់កាំភ្លើងម្នាក់ បានចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះចំនួន៦គ្រាប់ ខណៈពួកគេកំពុងបរិភោគបាយជាមួយក្រុមគ្រួសារ បណ្តាលឱ្យរងរបួសធ្ងន់៣នាក់ ហើយជនដៃដល់បានរត់គេចខ្លួនដោយសុវត្ថិភាព…។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល ៧យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបណ្ដុះសណ្ដែក សង្កាត់បន្តាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បើតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ច បញ្ជាក់ថា មានករណីប៉ុនប៉ងមនុស្សឃាតដោយប្រើកាំភ្លើងខ្លីបាញ់ បង្កដោយជនសង្ស័យម្នាក់ និងបក្ខពួកមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះជនរងគ្រោះ ហើយរុញទ្វារចូលផ្ទះជនរងគ្រោះ ប្រើកាំភ្លើងខ្លីបាញ់ចំនួន៦គ្រាប់ សំដៅជនរងគ្រោះ កំពុងបរិភោគបាយជួបជុំក្រុមគ្រួសារ បណ្ដាលឱ្យរងរបួសមនុស្សចំនួន៣នាក់។
ជនរងគ្រោះទី១-ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបបជាអាជីវករទិញត្រី បានរងរបួសធ្ងន់។ ទី២-ប្រពន្ធឈ្មោះ ជា វួចហេង អាយុ៣៣ រងរបួសធ្ងន់ និងទី៣-ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ អ្នកទាំង៣ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកសំពៅមាស ខណៈករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជារឿងគំនុំ។ ចំណែកនៅកន្លែងកើតហេតុនៃផ្ទះជនរងគ្រោះ បានបន្សល់វត្តុតាងសំបកគ្រាប់កាំភ្លើងចំនួន៦គ្រាប់នៅកន្លែងផ្សេងៗគ្នា។
ករណីនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវស៊ើបអង្កេត ដើម្បីឈានទៅរកការឃាត់ខ្លួនជនបង្ក មកផ្ដន្ទាទោសតាមច្បាប់៕

