គូស្នេហ៍ស្មោះស្ម័គ្រ! ខាងស្រីខឹងដៃគូលោតទឹកសម្លាប់ខ្លួន ខាងប្រុសឃើញក៏ស្ទុះលោតទៅជួយ

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលកាលពីម៉ោងជាង៤ទៀបភ្លឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ខណៈគូស្នេហ៍មួយគូ បានលោតទឹកស្ទឹងសង្កែសម្លាប់ខ្លួនព្រោះតែស្នេហាមិនសមបំណង ខណៈប្រជានេសាទរាយសន្ទូច មោង តាមដងស្ទឹងឃើញ ក៏ជួយសង្គ្រោះអ្នកទាំងពីរឱ្យរួចផុតពីសេចក្តីស្លាប់ តែជនរងគ្រោះស្ថិតក្នុងដំណាក់កាលដង្ហើមចង្រិតរៀងៗខ្លួនផងដែរ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ កើតឡើងនៅចំណុចលើស្ពានស្ទឹងសង្កែខាងមុខសាលាខេត្ត ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពោលគឺបន្ទាប់ពីនារីពនេចរពេលរាត្រីជាមួយគូស្នេហ៍ បានសម្រេចចិត្តលោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួន ហើយត្រូវបុរសជាគូស្នេហ៍លោតទឹកទៅសង្គ្រោះមិត្តស្រីក្រោយឃើញនាងធ្លាក់ទឹក ទើបបណ្តាលឱ្យឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់ ប៉ុន្តែសំណាងល្អបានអ្នកស្រុកសហការគ្នាចុះជួយសង្គ្រោះជីវិតទាន់ពេល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ និងគូស្នេហ៍ឈ្លោះប្រកែកទាស់សម្តីគ្នាទៅវិញទៅមក បន្ទាប់មកភាគីខាងស្រីក៏បានស្ទុះទៅលោតទម្លាក់ខ្លួនចុះពីលើស្ពានចូលទៅក្នុងទឹកស្ទឹងសង្កែ ភ្លាមនោះភាគីខាងប្រុសក៏បានលោតទៅជួយស្រង់តែមិនឈ្នះធ្វើឱ្យឈ្លក់ទឹកទាំងពីរនាក់ តែភ្លាមៗមានមិត្តភក្តិ និងបងប្អូនជាប្រជានេសាទដាក់មងជួយស្រង់ទាន់ និងបានដឹកបញ្ជូនទៅសង្រ្គោះអាយុជីវិតនៅឯមន្ទីរពេទ្យ។
សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីបងប្អូនអាជីវករមួយចំនួន និងបងប្អូនប្រជានេសាទនៅបណ្តោយដងស្ទឹងសង្កែនៅក្រុងបាត់ដំបង បានឱ្យដឹងថា ក្រុមក្មេងស្ទាវស្រីប្រុសពនេចរពេលរាត្រីនេះ គឺតែងតែនាំគ្នាពពាក់ពពូនដើរលេងកម្សាន្តច្រៀងរាំលេងពេលយប់ជារៀងរាល់ថ្ងៃ ខ្លះនាំគ្នាចូលក្លឹប លុះចេញមកវិញមេឃមិនទាន់ភ្លឺក៏នាំគ្នាអង្គុយសាសងស្នេហាតាមកៅអីនៅលើសួនមាត់ស្ទឹងសង្កែ ខ្លះធ្វើសកម្មភាពខុសទាស់នឹងប្រពៃណីក៏មានដែរ។ ពួកគេនាំគ្នាដើរលេងទាំងក្រុមៗ និងមានដៃគូស្នេហារៀងខ្លួន។ ចំណែកករណីខាងលើនេះ ក៏ជាក្រុមក្មេងស្ទាវពនេចរពេលរាត្រីដើរលេងយប់ដែរ ហើយប្រហែលជាខឹងនឹងដៃគូបែកចិត្ត ឬប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហើយបានជាភាគីនារីនោះដាច់ចិត្តលោទទឹកសម្លាប់ខ្លួនបែបនេះ តែសំណាងហើយដែលមានមនុស្សម្នាច្រើនជួយសង្គ្រោះទាន់ពេល កុំអីគូស្នេហ៍ទាំងពីរអាចទៅជួបយមរាជផងក៏ថាបាន។ ដូច្នេះ ក្នុងនាមជាយុវជនខ្មែរបន្តវេន និងជាទំពាំងស្នងឫស្សី មិនគួរប្អូនៗប្រុសស្រីសប្បាយភ្លើតភ្លើនភ្លេចខ្លួនបែបនេះឡើយ ហើយក៏មិនគួរយកការស្លាប់មកដោះស្រាយបញ្ហាបែបនេះដែរ គួរណាស់នឹកគិតអាណិតដល់ឪពុកម្តាយដែលខិតខំចិញ្ចឹមបីបាច់ថែទាំតាំងពីតូចរហូតដល់ធំដឹងក្តីពេញវ័យមិនទាំងទាន់បានទាំងសងគុណលោកទាំងទ្វេផង មកបញ្ចប់ជីវិតព្រោះតែស្នេហាទៅវិញ ទង្វើនេះមិនគួរគាប្បីនឹងប្រព្រឹត្តសោះឡើយ៕

