សម្ដេចម៉ែ ប្រោសប្រទានព្រះរាជទ្រព្យ ៥ម៉ឺនដុល្លារដល់ស៊ីម៉ាក់ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុកំចាត់មីនកម្ពុជា

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុត ចំនួន៥ម៉ឺនដុល្លារដល់ស៊ីម៉ាក់ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុកំចាត់មីនកម្ពុជា ។
យោងតាមផេកហ្វេសបុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឲ្យដឹងថា “ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំងរាជធានីភ្នំពេញ ខ្ញុំក្នុងនាមថ្នាក់ដឹកនាំនិងមន្ដ្រីទាំងអស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានទទួលព្រះរាជអំណោយដ៍មហាថ្លៃថ្លាបំផុតពីសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសេចក្ដីថ្លែងអំណរព្រះមហារករុណាទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន៥០.០០០ (ប្រាំម៉ឺន)ដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុរបស់ខ្លួន។
ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកានិងជាសម្ភារ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់របស់អង្គភាពCMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និងប្រោះព្រំព្រះសព្វសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដខ្មែរជាកូនជាចៅ រស់នៅប្រកបដោយសុខសន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ” ៕

