អគ្គិភ័យលេបត្របាក់ផ្ទះស្ត្រីវ័យកណ្តាលម្នាក់នៅខេត្តព្រះសីហនុ ផ្អើលកម្លាំងជំនាញចេញជួយសង្គ្រោះ

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះស្ត្រីវ័យកណ្តាលម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ ផ្អើលអស់កម្លាំងជំនាញពាក់ព័ន្ធចេញរថយន្តសង្គ្រោះ តែអកុសលផ្ទះត្រូវឆេះខ្ទេចគ្មានសល់។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា ករណីអគ្គិភ័យនេះ បង្កមកពីឆ្លងចរន្ដអគ្គិសនីបណ្តាលឱ្យឆេះផ្ទះឈើប្រកស័ង្កសីមួយខ្នងដែលមានទំហំ ៦x៨ម៉ែត្រ។ ម្ចាស់ផ្ទះជាស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះ ផូ ផាន់នី អាយុ៥២ឆ្នាំ។ ប្រភពពីម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា ករណីអគ្គិភ័យនេះ គឺផ្តើមចេញពីផ្នែកខាងលើនៃផ្ទះ រួចបន្តឆេះរាលដាលរហូតអស់ទាំងស្រុង បើទោះបីជាមានអ្នកជិតខាង និងសមត្ថកិច្ចជួយពន្លត់យ៉ាងខ្លាំងក្លាយ៉ាងណាក្ដី។ ម្ចាស់ផ្ទះបានរៀបរាប់បន្តទាំងទឹកភ្នែកហូរជោគថ្ពាល់ថា ដោយសារតែផ្ទះអ្នកស្រីជាប្រភេទឈើ គួបផ្សំនិងអាកាសធាតុក្ដៅហួតហែងផង ភ្លេងបានឆាបឆេះយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងបានឡើយ។
បន្ថែមលើនេះ សម្ភារដែលបានបាត់បង់ក្នុងអណ្តាតភ្លើងរួមមាន៖ មាស៨ជី ផ្លាកទីន១ជី ប្រាក់ដុល្លារ១៥០ដុល្លារ និងសម្ភារក្នុងផ្ទះឆេះអស់ទាំងស្រុង។
ប្រភពពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងបន្ថែមថា ករណីនេះមិនមានមនុស្សរងគ្រោះទេ ហើយក្នុងពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ និងបាញ់ទឹកទប់ស្កាត់មិនឱ្យឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងផ្សេងទៀត ប៉ុន្តែគួរឱ្យសោកស្ដាយដែលមិនអាចជួយសង្គ្រោះផ្ទះស្ត្រីរងគ្រោះនេះបាន ៕

