ក្រសួងការងារ គ្រោងដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យ ក្រោយភ្លើងឆេះរោងចក្រនៅកៀនស្វាយ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងរបួស ២០នាក់

ភ្នំពេញ៖ គ្រោះអគ្គិភ័យនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យីដា ហ្គាមេន បានបណ្តាលឱ្យកម្មករនិយោជិតរងគ្រោះសរុបចំនួន ២១នាក់ស្រី៤នាក់ក្នុងនោះរងរបួសស្រាលចំនួន២០នាក់ និងស្លាប់ចំនួន១នាក់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងការងារ កាលពីល្ងាចថ្ងៃទី១៨ មករា ។ ក្រោយហេតុការណ៍នេះកើតឡើង ក្រសួងអះអាងថាខ្លួននឹង ដាក់ចេញយុទ្ធនាបង្ការ ទប់ស្កាត់ និងដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់លើកក្រោយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងយ៉ាងដូច្នេះថា កម្មករនិយោជិតទាំងអស់បានទទួលការជួយ សង្គ្រោះពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន១៧នាក់បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន២នាក់នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯជនរងគ្រោះចំនួន១នាក់ទៀតដែលសម្រាកនៅមណ្ឌលសុខភាពឈើទាលមានអាការៈធូរស្រាលបានវិលត្រឡប់ទៅផ្ទះវិញ។ ដោយទ្បែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសពដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
តាមរយៈបេឡាជាតិសន្តិសុខសង្គមសាខាខេត្តកណ្តាលបានប្រគល់ប្រាក់ចំនួន១០លានរៀលដល់គ្រួសារសព និងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ក្រសួងការងារបញ្ជាក់ថា ក្រសួងនឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញនូវវិធានការ យុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ បញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ។ សូមជម្រាបថា កាលពីវេលាម៉ោង ៦:៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្តុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

