ការប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមចំណែក បង្ការ ទប់ស្កាត់អំពើពុករលួយ

ភ្នំពេញ៖ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា «ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកបង្ការ ទប់ស្កាត់អំពើពុករលួយទុកជាមុន»។
លោកបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ មករា នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន 15,549, រូប ស្មើនឹង 85.06% នៃចំនួនត្រូវប្រកាសសរុប 18,279 រូប។
ចំពោះលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំនេះ នាយកដ្ឋាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការប្រកាសគឺទទួលបានលើសពីការរំពឹងទុកបើយើងប្រៀបធៀបទៅនិងការប្រកាសកន្លងមក។ លទ្ធផលនេះ អាចសម្រេចទៅបានល្អប្រសើរ ដោយសារមានកិច្ចសហការ យ៉ាងល្អពីក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ប្រចាំក្រសួង-ស្ថាប័ន និងរាជធានីខេត្ត ជាពិសេសបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។
ដោយឡែកព្រឹកនេះ បើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី សរ ចាន់តារ៉ា ប្រធានការិយាល័យ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ខេត្តឧត្តរមានជ័យ បានបំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានចំនួន 106 រូប នៃចំនួនសរុប 106 រូប នាំឱ្យលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្មើ100% ផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕
