ឧត្តមសេនីយ៍ត្រី ទី សុខា និងវរសេនីយ៍ឯក គឹម រដ្ឋមុនី ចុះពិនិត្យលំហាត់យុទ្ធដំណើរទ័ព របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការ ទិសទី៣ និង លោកវរសេនីយ៍ឯក គឹម រដ្ឋមុនី នាយការិយាល័យ ហ្វឹកហ្វឺន យោធភូមិភាគទី៥ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព បញ្ជប់វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង របស់ អង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ។
វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមបើកវគ្គកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានរយៈពេល៩១ថ្ងៃ ដែលមានសិក្ខាកាមសរុប ចំនួន ៨០នាក់។
សូមបញ្ជាក់ផងដែរថា លំហាត់យុទ្ធដំណើរទ័ពនេះ មានចំងាយ ១៤.៥២០គីឡូម៉ែត្រ ដោយមាន ការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ លោកមេបញ្ជាការរង នាយសេនាធិការ/រង នាយការិយាល័យ នាយផ្នែក និង មេបញ្ជាការ កងអង្គភាព ផ្នែកសឹករងទាំង២ និង វរសេនាតូចលេខ១ ដោយចេញដំណើរ ពីទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ធ្វើដំណើរ ចល័តដោយថ្មើរជើងមាន ចំងាយ៨គីឡូម៉ែត្រ ឈប់សម្រាក់ម្តង រួចបន្តដំណើរ ៦.៥២០គឺឡូម៉ែត្រទៀត ទើបដល់កន្លែង ឈប់ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន និង ធ្វើលំហាត់ចល័តវាយលុក ក្នុងភូមិសាស្រ្ត ។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ទិសទី៣ យោធភូមិភាគទី៥ បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ទិសទី៣ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺនត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវ ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីកសាងពង្រឹងគុណភាពនាយទាហានបន្តវេន។
ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ ហ្នឹកហ្នឺន ធ្វើលំហាតប្រាណជាប់ជាប្រចាំ និង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕
