សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើយើងមិនអាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើយើងមិនអាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ ។
នៅក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិន្នន័យល្អគឺមានផលប្រយោជន៍ដូចជា៖ ទី១.អាចជួយអោយយើងសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តទាំងប្រថុយប្រថាន។ ទី២.ការព្យាករណ៍នូវសេណារីយ៉ូ និងព្យាករណ៍ទៅអនាគត តើវាប្រែប្រួលកម្រិតណា។
សម្តេចធិបតីបញ្ជាក់ថា កិច្ចការងារនេះគឺសំខាន់ណាស់ដើម្បីកំណត់ទិសដៅផែនការសកម្មភាព កំណត់ទិសដៅគោលនយោបាយ ដូច្នេះបើយើងមិនអាចព្យាករណ៍បានថាតើស្ថានភាពនឹងវិវត្តន៍ទៅយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងមិនអាចបុរេសកម្មបានទេ យើងនឹងត្រូវប្រតិកម្ម។
សម្តេចធិបតីលើកឡើងថា ការព្យាករណ៍នៅក្នុងសេដ្ឋកិច្ចរបស់យើង ឧទាហរណ៍ដូចជាកូវីដ-១៩ ឬមួយក៏ឆ្នាំ ២០២៤ នេះតើវិស័យអ្វីដែលត្រូវងើបឡើង ហើយវិស័យអ្វីដែលយើងត្រូវទាញសក្តានុពល ហើយដាក់ទិសដៅណាដើម្បីចាប់វិស័យនោះអោយជាប់គឺផ្អែកទៅលើទិន្នន័យ ៕
