សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន អនុញ្ញាតឲ្យកម្ពុជា បញ្ជូនពលករបន្ថែមចំនួន ៨ពាន់នាក់ទៀត នៅឆ្នាំ២០២៤ ខាងមុខ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជប៉ុន អនុញ្ញាតឱ្យកម្ពុជាបញ្ជូនពលករខ្លួនបន្ថែមចំនួន ៨ពាន់នាក់ទៀតនៅឆ្នាំ ២០២៤ ខាងមុខ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតី មានប្រសាសន៍ថា ជប៉ុនបានសង្កេតឃើញពលករខ្មែរមានចរិតស្លូតបូត ស្មោះត្រង់ និងប្រឹងប្រែងធ្វើការងារ ហេតុដូច្នេះហើយទើបជប៉ុនអនុញ្ញាតឱ្យកម្ពុជាបង្កើនចំនួនពលករ។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ក្រុមប្រឆាំងតែងហៅពលករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសថាជា «ខ្ញុំ» ដែលជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះពាក់គាត់។ សម្ដេចថា ពលករខ្មែរដែលទៅធ្វើការនៅបរទេសទាំងនោះ មានការងារត្រឹមត្រូវទៅតាមជំនាញវិជ្ជាជីវៈ និងទទួលបានប្រាក់ខែខ្ពស់ ហើយថែមទាំងរៀនសូត្របាននូវជំនាញបច្ចេកទេសកម្រិតខ្ពស់ពីប្រទេសទាំងនោះទៀតផង។
សម្ដេចធិបតីបន្ថែមថា ក្រោយពេលពួកគាត់ត្រលប់ទៅកម្ពុជាវិញ ជីវភាពរបស់ពួកគាត់នឹងធូធារជាងមុន និងអាចប្រើប្រាស់នូវចំណេះជំនាញទាំងនោះដើម្បីបម្រើដល់ការអភិវឌ្ឍជាតិទៀតផង៕
