នាយទាហានកងទ័ពជើងគោកកម្ពុជា ១៦រូប បញ្ចប់ការសិក្សាវគ្គព័ត៌មានវិទ្យាកម្រិតខ្ពស់ ពីមហាវិទ្យាល័យយោធាវិស្វកម្មទូរគមនាគមន៍ នៅឥណ្ឌា

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នាយទាហានកងទ័ពជើងគោកកម្ពុជាចំនួន ១៦រូប បានបញ្ចប់ការសិក្សាវគ្គព័ត៌មានវិទ្យាកម្រិតខ្ពស់ ពីមហាវិទ្យាល័យយោធាវិស្វកម្មទូរគមនាគមន៍ នៃសាធារណរដ្ឋឥណ្ឌា ដោយជោគជ័យ និងទទួលបានលទ្ធផលល្អ។ ក្នុងនោះនាយទាហានបានទទួលមេដាយមាស និងមេដាយប្រាក់ ជាមួយលទ្ធផលនៃការសិក្សាល្អប្រសើរផងដែរ។
ពិធីបិទវគ្គ-ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ Sanjay Sajjanhar នាយករងមហាវិទ្យាល័យយោធាវិស្វកម្មទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក K H Gawas នាយកមហាវិទ្យាល័យយោធាវិស្វកម្មទូរគមនាគមន៍ នៅទីក្រុងអ៊ីនដ័រ រដ្ឋម៉ាត់យ៉ាប្រាដេស នៃសាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយករង បានធ្វើការកោតសរសើរចំពោះនាយទាហានកងទ័ពជើងគោកកម្ពុជា ក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យ បទបញ្ជារបស់សាលា និងសង្ឃឹមថានាយទាហានកងទ័ពជើងគោកកម្ពុជា យកចំណេះដឹងដែលបានសិក្សាពីសាលាយកទៅបម្រើអង្គភាពតាមជំនាញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
