ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជនធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ

បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជនធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ។
ការផ្ដាំផ្ញើរបស់ឯកឧត្តម សក់ សេដ្ឋា បែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នៅបរិវេណសាលាស្រុកបវេល ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ក៏បានណែនាំឲ្យសិស្សានុសិស្ស ដែលទទួលបានអាហារូបករណ៍របស់ឯកឧត្ដម ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីយកមកចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រទេសជាតិ ។
ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំក្រើនរំលឹក ដល់កូនក្មួយសិស្សានុសិស្សទាំងអស់ មិនថាតែនៅក្នុងស្រុកបវេលប៉ុណ្ណោះ ពោលគឺនៅទូទាំងប្រទេសកម្ពុជា ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕

