កម្ពុជាបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់នូវបរិយាកាសសន្តិភាព និងសុវត្ថិភាព នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម លើកទី១ ចាប់ពីថ្ងៃទី៤ ដល់៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានថ្លែងបទអន្តរាគមន៍នៅក្នុង “កិច្ចប្រជុំគណៈកម្មាធិការស្តីពី កិច្ចការនយោបាយ និងបរទេស” ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងចំណោមកម្ពុជា ឡាវ និងវៀតណាម (CLV) ដែលរួមមាន ការទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់នូវបរិយាកាសសន្តិភាព និងសុវត្ថិភាព នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម និងសូមលើកទឹកចិត្តដល់ប្រទេសសមាជិកទាំងអស់ បន្តជំរុញយ៉ាងសកម្ម និងលើកកម្ពស់ចំណងសាមគ្គីភាពរវាងប្រជាជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី៕
