រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី គឺដាក់គោលដៅសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច និងលើកទឹកចិត្តឲ្យមានការវិនិយោគ ទៅកាន់បណ្តាខេត្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់គោលដៅសំខាន់គឺជំរុញកំណើនសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យមានការវិនិយោគទៅកាន់បណ្តាខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់គោលដៅនេះ គឺបង្កើតការងារច្រើនជូនប្រជាពលរដ្ឋ ការងារដែលមានគុណភាព ការងារដែលមានបៀវត្សរ៍ និងអត្ថប្រយោជន៍ និងជំនាញផ្សេងៗឱ្យប្រជាពលរដ្ឋ ការងារដែលផ្ដល់នូវការគាំពារសិទ្ធិ ការគាំពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងសមធម៌គឺការចែករំលែកនៅក្នុងផលទាំងអស់ ហើយក៏មិនមែនសម្រាប់ក្រុងណាមួយ មិនមែនតែភ្នំពេញ តែឱ្យរីកទៅតាមខេត្តផ្សេងៗ។ សម្តេចធិបតីបានថ្លែងបន្តថា អាទិភាពរបស់យើងនៅក្នុងការធ្វើផ្លូវគឺជាអាទិភាពគន្លឹះ មួយនៅក្នុងអាទិភាពចំនួន៥ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ផងដែរ ការកសាងហេដ្ឋារចនាសម្ព័ន្ធបើយើងនិយាយពីផ្លូវគឺយើងមិនមែននិយាយតែផ្លូវគោកតែមួយទេយើងនិយាយអំពីផ្លូវទឹក ផ្លូវអាកាស ហើយឥឡូវមានផ្លូវឌីជីថលមួយទៀត។ សម្តេចធិបតីក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះយើងបានសម្ពោធនៅផ្លូវជាតិលេខ៥ដែលជាសរសៃឈាមមួយដ៏វែង ភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ហើយមានការប្រទាក់ក្រឡាជាមួយនឹងតំបន់ទីប្រជុំផ្សេងៗ និងផ្លូវជាតិផ្សេងៗ ដែលផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាង ច្រើនដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ៕

