សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវយកកំពង់ផែសមុទ្រ ក្នុងខេត្ត៤ រួមកម្លាំងគ្នា ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែប្រទេសផ្សេងៗ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា យើងត្រូវគិតគូរអភិវឌ្ឍកំពង់ផែសមុទ្រ ក្នុងខេត្តទាំង៤របស់កម្ពុជា ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែប្រទេសជិតខាង ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងកំពុងធ្វើផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ។ ខ្ញុំឲ្យមានការគិតគូររួម កុំឲ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ ជាមាត្រដ្ឋាន។ បើយើងគិតតែខេត្តព្រះសីហនុ យកខេត្តបីទៀតជាគូរប្រជែងយើងអត់យកសក្ដានុពលបានទេ។ យើងត្រូវយកខេត្ត៤របស់យើង ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ»។
សម្ដេចធិបតី បានណែនាំឲ្យរៀបចំ និងពិនិត្យគិតគូរអំពីកំពង់សមុទ្រដែលកំពុងមានចំនួន៤ ក្នុងនោះខេត្តព្រះសីហនុ មួយ, ខេត្តកំពត ពីរ និងខេត្តកោះកុងមួយ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រទាក់ក្រឡាគ្នា តែមិនប្រកួតប្រជែងគ្នានោះទេ ហើយមានគោលដៅរួមដូចគ្នា គឺប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ក្នុងនោះ ត្រូវបែងចែកគ្នាឲ្យច្បាស់ថា កំពង់ផែណាសម្រាប់ទេសចរណ៍ និងកំពង់ផែណាសម្រាប់ទំនិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ដោយត្រូវដាក់ចេញទិសដៅវិនិយោគឲ្យចំទិសដៅ។ ឧទាហរណ៍៖ ខេត្តព្រះសីហនុ មានតំបន់កោះច្រើន ត្រូវវិនិយោគទៅលើកោះ, ខេត្តកំពត មានធនធានធម្មជាតិច្រើន ត្រូវវិនិយោគឲ្យចំអ្វីដែលមាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកើងថា ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវ នាំសេដ្ឋកិច្ចឲ្យជាតិច្រើនណាស់ ពិសេសខេត្តជាប់ខេត្តព្រះសីហនុតែម្ដង។ សម្ដេចថា ខេត្តព្រះសីហនុ មានសក្តានុពលធំណាស់ សម្រាប់ជាតិ ហើយពាក់ព័ន្ធផែនការអភិវឌ្ឍន៍ ដ៏មានសក្ដានុពលមួយនេះ គឺរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ៕
