សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកនឹងងើបឡើងយ៉ាងលឿន ក្នុងរង្វង់ប្រមាណ ៦,៦% សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុក នឹងងើបឡើង យ៉ាងលឿន ក្នុងរង្វង់ប្រមាណ ៦,៦% ដោយសារការត្រឡប់ទៅរកភាព ល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចសាកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មរបស់ កម្ពុជា ត្រូវរក្សាបានល្អ ក្មុងនោះវិស័យទេសចរណ៍ និងវិស័យកម្មមន្តសាល វិស័យផ្សេងៗទៀត នៅបន្តកើនឡើង ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលា ដើម្បីស្វែងយល់ អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា សម្រាប់ឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន ប្រមាណ ៦,៥% ដែលគាំទ្រ ដោយវិស័យទេសចរណ៍ និងសេវាកម្ម និងបន្តភាពរឹងមាំ នៃវិស័យកម្មន្តសាល មិនមែន កាត់ដេរ។ កំណើននៃភ្ញៀវទេសចរអន្តរជាតិ ការនាំចេញផលិតផលកម្មមន្តសាល មិនមែនកាត់ដេរ នៅបន្តមានភាពរឹងមាំ ទោះបីការនាំចេញ ផលិតផលកាត់ដេរ មានការថមថយក៏ដោយ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់ទៀតថា គិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលមិនមែនកាត់ដេរ នៅបន្តកំណើនរឹងមាំ ក្នុងរង្វង់ពី ២៦,៥%។ ដូចគ្នាដែរ បើគិតរយៈ ពេល ៩ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិ មានកំណើន ២១០% ប្រមាណជិត ៤លាននាក់ ស្របពេលដែលភ្ញៀវទេសចរជាតិ មានកំណើន ៣១,១% ឬ ១លាននាក់។ ជាមួយគ្នានេះ លំហូរវិនិយោគទុនពីបរទេស មានកំណើនល្អជាងការរំពឹងទុក នៅក្នុងវិស័យកម្មមន្តសាលមិនមែនកាត់ដេរ រួមមាន ផលិតកម្មសំបកកង់ សូឡា ការវេចខ្ចប់ និងការកែច្នៃ មួយចំនួនទៀត៕
