សម្តេចធិបតី៖ ការសម្ពោធមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ជាមោទនភាពរបស់យើងទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់សម្ពោធមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» នាពេលនេះ ជាមោទនភាពរបស់យើងទាំងអស់គ្នា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីទី១ នៃគោលនយោបាយ ជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាថ្ងៃទី២៤ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំនេះ ប្រកបដោយចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន ។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃនេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា»។
មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅ ចំនួន២០៦គ្រែ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕
