សាលាចំនួន ៤ ក្នុងខេត្តប៉ៃលិន ទទួលបានកូនឈើ ១២០ដើម យកទៅដាំដើម្បីភាពបៃតងស្អាត បរិស្ថានល្អ នៅតាមសាលារៀន

ភ្នំពេញ៖ លោកស្រី អង់ សុភណ្ឌ អនុប្រធានមន្ទីរបរិស្ថាន បានចែកជូនកូនឈើចំនួន ១២០ដើម ដល់សាលាចំនួន ៤ នៅក្នុងខេត្តប៉ៃលិន សម្រាប់យកទៅដាំដុះក្នុងបរិវេណសាលារៀន ដើម្បីបន្ថែមភាពបៃតងស្អាតនៅតាមសាលារៀន និងផ្តល់បរិយកាសល្អ និងបរិស្ថានស្អាតដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមសាលារៀនទាំងនោះ ។ ការផ្តល់ជូននេះ ធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន ។
ការផ្តល់ជូនកូនឈើរបស់មន្ទីរបរិស្ថាននេះ គឺអនុលោមទៅតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨របស់ក្រសួងបរិស្ថាន ដែលបានចង្អុលទិសដៅការងារអាទិភាពឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ។
សូមជម្រាបជូនថា សាលាចំនួន៤ ដែលទទួលបានកូនឈើពីមន្ទីរបរិស្ថានខេត្តប៉ៃលិនរួមមាន ទី១. សាលាបឋមសិក្សាធារាសាស្ត្រ ទទួលបានកូនឈើក្រញូងចំនួន ១០ដើម ឈើបេងចំនួន ១០ដើម និងដើមក្ងោកចំនួន១០ដើម ។ ទី២. សាលាបឋមសិក្សាទំនប់ទទួលបានកូនឈើប្រភេទក្រញូងចំនួន ១០ដើម កូនឈើបេងចំនួន ១០ដើម និងដើមក្ងោកចំនួន ១០ដើម។ ទី៣. សាលាបឋមសិក្សាកោះកែវទទួលបានកូនឈើប្រភេទក្រញូង១០ដើម កូនឈើបេង ១០ដើម និងដើមក្ងោក១០ដើម និងទី៤. សាលាបឋមសិក្សា កំពង់ចម្លងក្រោមទទួលបានកូនឈើប្រភេទក្រញូងចំនួន ១០ដើម កូនឈើបេងចំនួន ១០ដើម និងដើមក្ងោកចំនួន ១០ដើមដែរ ៕
