ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមហាមន្រ្តី

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមហាមន្រ្តី។
ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗ ចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។ ជាកិច្ចបន្ទាប់ ឯកឧត្តម សន្តិបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃទាំងអស់ បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីផងដែរ។
នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បាននាំយកបច្ច័យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត សម្រាប់ប្រគេនដល់វត្ត ដើម្បីប្រេីប្រាស់ និងចាត់ចែងក្នុងការកសាងសមិទ្ធផលនានា នៅក្នុងវត្តផងដែរ ៕
