ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងសេនានុពន្ធ័នគរបាលអឺរ៉ុបខាងជើង និងអាត្លង់ទិកខាងជើង ប្រចាំប្រទេសថៃ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងសេនានុពន្ធ័នគរបាលអឺរ៉ុបខាងជើង និងអាត្លង់ទិកខាងជើង (Nordic Liaison) ប្រចាំព្រះរាជាណាចក្រថៃ និងសហការី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូ តំណាងសេនានុពន្ធ័នគរបាល Nordic ប្រចាំព្រះរាជាណាចក្រថៃ និងបានជម្រាបថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការសម្របសម្រួលការងារ ស្របតាមការស្នើសុំនានា។
លោកស្រី Jane Ohlsson តំណាងសេនានុពន្ធ័នគរបាល Nordic ប្រចាំព្រះរាជាណាចក្រថៃ បានស្នើសុំទៅកាន់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ចំពោះការសម្របសម្រួលកិច្ចសហការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ ក្នុងរូបភាពទប់ស្កាត់បទល្មើសផ្សេងៗ មានដូចជា ការជួញដូរមនុស្ស ការក្លែងបន្លំឯកសារធ្វើដំណើរ និងការធ្វើដំណើររបស់ជនសង្ស័យលើបទល្មើសផ្សេងៗចូលមកកាន់កម្ពុជា ឬប្រទេសក្នុងតំបន់។ ជាពិសេសលោកស្រីសង្ឃឹមថាកិច្ចជំនួបសម្តែងការគួរសមក្នុងពេលនេះនឹងជាការចាប់ផ្តើមចំពោះកិច្ចសហប្រតិបត្តិការ រវាងតំណាងសេនានុពន្ធ័នគរបាល Nordic ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានឯកភាពចំពោះសំណើក្នុងការទទួល ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីជាការធានាឱ្យបានក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការស្នើសុំសេនានុពន្ធ័នគរបាល Nordic ដើម្បីពិចារណាក្នុងផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញនានា ដើម្បីបន្តពង្រឹងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ឱ្យសមស្របទៅការវិវត្តន៍ឥតឈប់ឈរនៃបទល្មើស។ លោកស្រី Jane Ohlsson តំណាងសេនានុពន្ធ័នគរបាល Nordic បានឯកភាពលើសំណើនេះ និងពិចារណាផ្តល់វគ្គបណ្តុះបណ្តាលជំនាញស្របទៅតាមការស្នើសុំ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់គណប្រតិភូក្នុងពេលនេះ និងសង្ឃឹមថាអង្គភាពទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ៕
