អាមេរិក ស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា រក្សាគោនយោបាយការបរទេស ដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តម្ភប្រយោជន៍ប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ទ្រីកម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក បានស្នើសុំឲ្យថ្នាក់ដឹកនាំកម្ពុជា រក្សាគោនយោបាយការបរទេស ដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តម្ភប្រយោជន៍នៃប្រជាជនកម្ពុជា ។
យោងតាមហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ឯកឧត្ដមឯកអគ្គរដ្ឋទូត Murphy បានមើលឃើញពីជំនួបប្រកបដោយលទ្ធផលល្អ របស់លោកនាយករដ្ឋមន្ត្រី ជាមួយមន្ត្រី និងក្រុមហ៊ុនអាមេរិក នៅក្នុងសប្តាហ៍ថ្នាក់ខ្ពស់នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក្នុងពេលថ្មីៗនេះ នៅបូរីញូវយ៉ក ហើយបានកត់សម្គាល់ឃើញភាពជាដៃគូជាបន្តរបស់កម្ពុជា លើបញ្ហាសំខាន់ៗ ក្នុងតំបន់ និងក្នុងពិភពលោក ដែលរួមមានការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ការការពារបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្តីពីវិបត្តិនៅប្រទេសភូមា។
នៅក្នុងជំនួបនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូត Murphy បានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា ដែលគេអាចមើលឃើញតាមរយៈជំនួយបរទេសចំនួន ៣ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យកម្ពុជា ក្នុងរយៈពេលជាង ៣០ កន្លងមកនេះ។
ទោះបីលោកបានកត់សម្គាល់ឃើញថា ការសម្រេចចិត្តក្នុងការបន្តឡើងវិញនូវកម្មវិធីជំនួយបរទេសមួយចំនួនរបស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃជំនួយជារួម ដែលមានសារៈសំខាន់សម្រាប់សុខភាពរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃព្រះរាជាណាចក្រកម្ពុជាក្តី តែលោកឯកអគ្គរដ្ឋទូតបានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន ដែលចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្ដមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការបំផ្លាញចោលអាវុធ ដូចជាការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ហើយឯកឧត្ដមឯកអគ្គរដ្ឋទូត បានសម្តែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើបេសកកម្មរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិក នៅកម្ពុជា។
ឯកឧត្ដមឯកអគ្គរដ្ឋទូត Murphy បានសុំឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោនយោបាយការបរទេសដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តម្ភប្រយោជន៍នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗ ប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណែត ដោយបានកត់សម្គាល់ឃើញពីសារៈសំខាន់នៃជំហរស្មោះត្រង់ជាសាធារណៈ របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសាកលនេះ ៕
