សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យ ឯកឧត្តម ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដើម្បីបញ្ចប់ និងសម្រេច ប្រកបដោយផ្លែផ្កា និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើបែបនេះ ក្នុងឱកាសដែលសម្តេចធិបតី បានអនុញ្ញាតឱ្យ ឯកឧត្តម ឡាន ធានលី (Lan Tianli) គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាសៀលថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ជាការឆ្លើយតប ឯកឧត្តមអភិបាល បានគោរពជម្រាបជូន សម្ដេចធិបតី ថា ឯកឧត្តម និងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការ និងខិតខំធ្វើការងារជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា។
ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល សម្ដេចធិបតី បានអរគុណ ឯកឧត្តមអភិបាល និងបានឯកភាពចំពោះការបញ្ជាក់របស់ ឯកឧត្ដម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង, ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្ដមអភិបាល បានគោរពអរគុណសារជាថ្មី ចំពោះការអនុញ្ញាតឱ្យ ឯកឧត្ដម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី។ ឯកឧត្ដមអភិបាល ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករឭកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូ ធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕
