ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ស្ទឹងសែន

ភ្នំពេញ៖ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកជំទាវ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រុមការងារសម្របសម្រួលធនធានទឹកប្រចាំខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ស្ទឹងសែន ខេត្តកំពង់ធំ។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ទឹកស្ទឹងសែន នៅស្ថានីយជលសាស្ត្រក្រុងស្ទឹងសែន មានកម្ពស់ ១៣,៤១ម៉ែត្រ (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ)។
ដោយពិនិត្យឃើញថា ទឹកស្ទឹងសែនបាននិងកំពុងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត ឯកឧត្តមរដ្ឋលេខធិការ ក៏បានធ្វើការពិភាក្សាជាមួយឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីចេញនូវសេចក្តីជូនដំណឹងស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបអមសងខាងស្ទឹងសែនឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកជំនន់ស្ទឹងសែន នាពេលនេះ ៕
