អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងរៀបចំប្រារព្ធទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនឹងរៀបចំប្រារព្ធទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ដើម្បីការអភិវឌ្ឍ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន។
ឆ្នាំ២០២៣នេះទិវាមនុស្សគ-ថ្លង់ រៀបចំឡើងដើម្បីបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សាធារណៈជន សង្គមស៊ីវិល ក្រុមគ្រួសារ មិត្តភក្តិ ដើម្បីលើកទឹកចិត្ត ហើយបំពេញតាមតម្រូវការរបស់មនុស្សគ-ថ្លង់ ព្រមទាំងបង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់មនុស្សគ-ថ្លង់នៅលើពិភពលោក។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន ៕
