សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន។
ការថ្លែងបែបនេះក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងពិភាក្សាការងារឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង នាល្ងាចថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវអំណរគុណចំពោះ នាយករដ្ឋមន្ត្រីចិន ដែលបានអនុញ្ញាតឱ្យ សម្ដេចធិបតី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រហូតដល់ទៅ ២ដង នៅក្នុងខែកញ្ញានេះ ក្រោយពេលដែលសម្ដេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលលើកទី១ នៅថ្ងៃទី៦ ខែកញ្ញា នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលើកទី២ នាថ្ងៃនេះ។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ប្រពៃនេះ និងបានអរគុណ ចំពោះការធ្វើបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ និងភាតរភាពខ្ពស់ ចំពោះ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ចាប់តាំងពីពេលមកដល់ប្រទេសចិន។
សម្តេចធិបតី ក៏បានអរគុណ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រជាជន និងប្រទេសចិន ដែលតែងតែផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរយាងមកដល់ និងការគង់នៅរបស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង ៕
