ឯកអគ្គរាជទូតថៃ នឹងបន្តលើកកម្ពស់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងថៃ និងកម្ពុជា លើវិស័យរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឈើតគៀត អាត់ថាក័រ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងអំពីការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងនគរបាលភូមិន្ទថៃ និងនគរបាលជាតិកម្ពុជា លើវិស័យរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។
ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ឈើតគៀត អាត់ថាក័រ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តមឯកអគ្គរាជទូតថៃ ក៏បានថ្លែងការកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់នគរបាលជាតិកម្ពុជា ក្នុងការតាមចាប់មុខសញ្ញាតាមសំណើរបស់ភាគីថៃ ក៏ដូចជាការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការចាប់ជនល្មើស ដែលលួចឆ្លងដែនសំងំលាក់ខ្លួនក្នុងប្រទេសទាំងពីរ ៕
