ឯកឧត្តម ស៊ី ជីនពីង៖ ចិននៅតែជាមិត្តដ៏ល្អ និងបន្តជួយកម្ពុជា លើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។
នាថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។
ក្នុងជំនួបនោះសម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។
ជាក់ស្តែង ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ថា «ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន»។
ជាមួយគ្នានេះ សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល-នយោបាយចិនមួយ ៕
