សម្តេចមធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួប សម្ដេចធិបតី និង លោក លាំង ហ័រ ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល ដោយក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះ ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ ។ កន្លងមកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏បានសហការជាមួយដៃគូ នៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ ។
ជាមួយគ្នានោះសម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
