ឧត្តមសេនីយ៍ឯក សុខ វាសនា ជួបប្រជុំ ជាមួយតំណាងក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា ផ្ដល់យោបល់លើលទ្ធភាពបង្កើតប្រព័ន្ធ Cam Arrival Card

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានជួបប្រជុំ ជាមួយតំណាងក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា ផ្ដល់យោបល់លើលទ្ធភាពបង្កើតប្រព័ន្ធ Cam Arrival Card ដោយរួមបញ្ចូលព័ត៌មានស្តីពីអន្តោប្រវេសន៍ សុខាភិបាល និងអគ្គនាយកដ្ឋានគយ ទៅក្នុងទម្រង់តែមួយ។ ទិសដៅនៃការបង្កើតប្រព័ន្ធ Cam Arrival Card នេះ គឺដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវបរទេសដែលអញ្ជើញមកកម្ពុជា អាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរ និងជាពិសេសគឺបំពេញក្នុងសាលាកប័ត្រតែមួយ។
ជាកិច្ចចាប់ផ្ដេីម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិស្វាគមន៍ ថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ ដែលចូលរួមសហការណ៍ ប្រតិបត្តិការណ៍មួុយនេះ។ បន្ទាប់មក ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ មានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតឱ្យក្រុមការងារបចេ្ចកទេស ធ្វេីបទបង្ហាញអំពីរដំណេីការណ៍នៃប្រព័ន្ធ Cam Arrival Card នេះយ៉ាងលំអិតជូនអង្គប្រជុំ។
បន្ទាប់មកទៀត ឯកឧត្តម ភាគីពាក់ព័ន្ធ ក៏បានសម្តែងនូវការគាំទ្រចំពោះការបង្កើតប្រព័ន្ធនេះ ពីព្រោះពិតជាផ្តល់ភាពងាយស្រួលទាំងភ្ញៀវបរទេស ទាំងស្ថាប័នមានសមត្ថកិច្ច។ ក្នុងនោះឯកឧត្តម ស្នើបន្ថែមចំណុចមួយចំនួន ព្រមទាំងបានលេីកឡេីងទាំងបញ្ហាប្រឈម ដែលជាតម្រូវការរបស់ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាក់ទងនឹងប្រព័ន្ធ Cam Arrival Card ផងដែល។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា បានឯកភាពនូវសំណូមពរមួយចំនួន និងកិច្ចការបន្ថែមពីនេះទៀត ឯកឧត្តម នឹងធ្វេីសេចក្ដីរាយការណ៍បន្តជូនទៅថ្នាក់ដឹកនាំខាងលេី ក្នុងការធ្វេីការសម្រេចបន្តទៀត ។ បន្ថែមពីនេះទៅទៀត ឯកឧត្តម អគ្គនាយក ក៏បានស្នើរឱ្យភាគីសុខាភិបាល និងអគ្គនាយកដ្ឋានគយ ធ្វើការជាមួយក្រុមការងារបច្ចេកទេស បន្ថែមពីនេះទៀត ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតនានា និងអាចសម្រេចបានប្រព័ន្ធនាពេលឆាប់ៗខាងមុខនេះ ៕
