ពលរដ្ឋមានជីវភាពខ្វះខាត ៣៥គ្រួសារ នៅស្រុកអូរគ្រៀងសែនជ័យ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោក គង់ សុជាតិ លេខាធិការ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី នៅរសៀលថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសួសុខទុក្ខនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សាខាខេត្តក្រចេះ ទៅផ្តល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា មានជីវភាពខ្វះខាត ចំនួន៣៥គ្រួសារ នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។
នាឱកាសនោះដែរ លោក បានលើកឡើងអំពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងជាពិសេសការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ នោះឡើយ ពោល “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
ទន្ទឹមនឹងនោះ លោក ក៏បានផ្តាំផ្ញើដល់បងប្អូនដែលជាគ្រួសារងាយរងគ្រោះ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងវិញ ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, សារុង១, ភួយ១, ក្រមា១, មុង១, មី ១កេស, ត្រីខ ១០កំប៉ុង, ម៉ាស់មួយចំនួន និងថវិកា ៥០.០០០ រៀល ក្នុងមួយគ្រួសារ ៕
