ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ គោរមងារជា «សម្តេច» មិនត្រឹមតែភ្ជាប់នឹងមុខតំណែងកំពូលនោះទេ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងគង់វង្សយូរអង្វែង នៃរបបរាជានិយមនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា គោរមងារជា «សម្តេច»មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល (ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី) នោះទេ ប៉ុន្តែគោរមងារជា «សម្តេច» នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំនិងគង់វង្សយូរអង្វែង នៃរបបរាជានិយមនៅកម្ពុជាទៀតផង។
តាមបណ្តាញសង្គម ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើង៤ចំណុចដូចតទៅ៖
១. យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។
២. ជាទូទៅ «សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលមក គោរមងារមួយចំនួនសុទ្ធតែភ្ជាប់ទៅនឹងមុខតំណែងសំខាន់ៗ ឧទាហរណ៍ដូចជា «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយមរាជ»។ល។ ក្នុងន័យនេះ ការតភ្ជាប់គោរមងារ «សម្តេច» ទៅនឹងមុខតំណែង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជា។
៣. ឆ្លៀតឱកាសដ៏ល្អប្រសើរវិសេសវិសាលនេះ ខ្ញុំសូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរឱ្យសម្តេចទទួលជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និងមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមជូនពរឱ្យសម្តេចទទួលបានជោគជ័យ ក្នុងការអនុវត្តនូវពាក្យសច្ចា (កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣) របស់សម្តេចដែលកាលនោះបានទូលថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្ល័ង្ក និងរបបរាជានិយមឱ្យនៅគង់វង្សយូរលង់តរៀងទៅ នៅកម្ពុជា ៕

