ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់ ប្រជុំជាមួយថ្នាក់ដឹកនាំលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងជាលើកដំបូង ដើម្បីកំណត់របៀបរបបការងារ និងណែនាំការងារអាទិភាពមួយចំនួន ព្រមទាំងបែងចែកតួនាទីភារកិច្ច ជូនដល់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ ចំនួន ១៨រូប និងឯកឧត្តម លោកជំទាវជាអនុរដ្ឋលេខាធិការ ចំនួន ១០រូប ក្នុងគោលដៅធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបានជោគជ័យការអនុវត្តន៏កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានរំលឹកប្រសាសន៍សម្តេចតេជោ ដោយសង្កត់ធ្ងន់ថា «ការងារតូចតាចមិនល្អិតល្អន់ តើធ្វើយ៉ាងណាទើបអាចទទួលកិច្ចការធំបាន?» ក្នុងនាមជាក្រសួងអនុវត្តច្បាប់ យើងត្រូវអនុវត្តកំណែទម្រង់ផ្តើមចេញពីខ្លួនឯងជាមុន គឺត្រូវល្អិតល្អន់ជាមួយកិច្ចការងារតូចតាច ទើបអាចសម្រេចកិច្ចការធំបាន។ កំណែទម្រង់ដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង គឺសំដៅធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការប្រព្រឹត្តទៅ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុងក្រសួង អនុវត្តតួនាទីភារកិច្ចដែលបានបែងចែកប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ។
មានប្រសាសន៍បន្ថែមក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គប្រជុំ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងក្នុងអង្គភាព និងជាមួយអង្គការអន្តរជាតិនានា។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើការងារសង្គហមិត្ត ឱ្យបានជាប់ជាប្រចាំ៕
