ទេសរដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ បានជំរុញចលនាភូមិមួយ ផលិតផលមួយ នឹងជំរុញចលនាភូមិមួយ ផលិតផលមួយ ឱ្យបង្កើនប្រសិទ្ធភាពការងារ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ការធ្វើឲ្យសម្រេចបានដូច្នោះ គឺ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំមន្ដ្រីរាជការ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិសយ័កសិកម្មនិងជនបទ នាព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា «ខ្ញុំសូមជំរុញក្រុមការងារជំនាញ បន្ដការអនុវត្តន៍រាល់ភារកិច្ចស្របតាមតួនាទីរៀងៗ ខ្លួនឱ្យបានសកម្មព្រមៗគ្នាឱ្យអស់ពីសមត្ថភាពតាមលទ្ធភាពជាក់ស្ដែង ដើម្បីបម្រើជាតិ ប្រជាជន ក្នុងគ្រប់កាលៈ ទេសៈក្នុងការ បន្តការពារ និងកសាងមាតុភូមិឆ្ពោះ ទៅរកអនាគតមួយដ៏រុងរឿង ពិសេស ប្រែក្លាយកម្ពុជា ជាអរិយៈប្រទេសជឿនលឿនល្បី ល្បាញមួយដូចសម័យអង្គរ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន»។
ឯកឧត្តម សុទ្ធ សឺន អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យ កសិកម្ម និងជនបទ បានបញ្ជាក់ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានតួនាទីជាគណៈបញ្ជាការឯកភាពមួយ ជួយដល់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយសហការយ៉ាងជិតស្និតជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល និងវិស័យឯកជន។
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ មានភារកិច្ចទទួលបន្ទុកចាត់ចែងសម្របសម្រួលតាមដានវាយតម្លៃនិងផ្តល់យោបល់ លើការរៀបចំការអភិវឌ្ឈកម្មវិធីគោលនយោបាយ ព្រមទាំងយុត្តិសាស្ត្រនានារបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភស្របតាមគោលការណ៍អភិវឌ្ឈន៍ប្រកបដោយចីរភាពឆ្នាំ២០១៦- ២០៣០។
គោលដៅទី២ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពអាហារូបត្ថម្ភ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។
រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។
យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ៕
