ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យដឹងថា ឯកឧត្ដមនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្ដទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺដើម្បីស្ដាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្ដែងមួយចំនួន ដើម្បីបន្ដជំរុញគាំទ្រវិស័យឯកជន ដែលជាវិស័យចលករនៃកំណើនសេដ្ឋកិច្ច។
ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានគូសបញ្ជាក់ថា «វេទិកានេះ នឹងប្រគល់ភារកិច្ចជូនឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ»។
ឯកឧត្ដមនាយករដ្ឋមន្រ្ដី បានអំពាវនាវដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ មេត្ដាចូលរួមក្នុងវេទិកានេះ ឱ្យបានសកម្មបំផុត កុំបីអាក់ខាន។ ទន្ទឹមនេះ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតក៏បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាននូវសុខសន្ដិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈពេល២៥ឆ្នាំ កន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាពនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្ដកម្មសំខាន់ៗជាប្រវត្ដិសាស្រ្ដ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងបានលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត លើឆាកតំបន់ និងសកល តាមរយៈកាដាក់ចេញ និងការដឹកនាំអនុវត្ដន៍ដោយជោគជ័យនូវ យុទ្ធសាស្រ្ដត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណទាំង ៤ ដំណាក់កាល។
ជាមួយគ្នានេះ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានឱ្យដឹងទៀតថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់រយៈពេល២៥ឆ្នាំ ទៀត តាមរយៈការបង្ហាញផ្ទាល់នៅទីនេះ យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី នៃរដ្ឋសភា។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ដថា វិធានការគន្លឹះ ដែលឯកឧត្ដមនឹងដឹកនាំតម្រង់ទិសលើការអនុវត្ដ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និងការកែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។
ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងជម្នះបាននូវបញ្ហាប្រឈម ឧបសគ្គ និងវិបត្ដិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថីនៃការអភិវឌ្ឍ វឌ្ឍនភាព និងវិបុលភាពឱ្យកាន់តែថ្កើនថ្កានឡើងបន្ថែមទៀត ហើយកសាងបាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ដ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕
