ឯកឧត្តម ស្រ៊ុន ដារិទ្ធិ អញ្ជើញបិទវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការពិសេសជូនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ជំនាន់ទី៣ នៃក្រសួងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការពិសេសជូនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ជំនាន់ទី៣ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នៅសាលានាយទាហានសកម្ម ត្មាតពង ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការបន្តជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ទាំងក្នុងវិស័យបរិស្ថាន និងវិស័យផ្សេងៗ និយាយជារួម និងលើកកម្ពស់កម្រិតសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និយាយដោយឡែក សម្រាប់បុព្វហេតុការពារជាតិ និងប្រជាជន ក៏ដូចជាកិច្ចគាំពារ បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ សមិទ្ធផល ទាំងនេះអាចសម្រេចទៅបានក៏អាស្រ័យ ដោយប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើន សេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ដើម្បីសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសរសរស្ដម្ភចំនួន៤គឺ៖ ទី១.រដ្ឋបាលទំនើប ទី២.កិច្ចគាំពារបរិស្ថាន ទី៣.ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងទី៤.ការរស់នៅប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននិងកំពុងបន្តការធ្វើទំនើបកម្មស្ថាប័ន កែសម្រួលរបៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើប្រតិភូកម្ម អំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស កសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពមន្រ្តីរាជការ ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើប លើកកម្ពស់គុណតម្លៃមន្ត្រីរាជការ តាមរយៈអភិវឌ្ឍសមត្ថភាពចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីគ្រប់លំដាប់ថ្នាក់។ ផ្អែកលើកត្តាសុខសន្តិភាព សន្ទុះនៃការអភិវឌ្ឍ កម្រិតជីវភាពរបស់ប្រជាជន និងសមត្ថភាពធនធានមនុស្សនៅកម្ពុជាក្នុងយុគសម័យ Digital យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងអាចសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ក្លាយទៅជាប្រទេសមានប្រាក់ចំណូល ខ្ពស់៕
