ព្រះមហាក្សត្រ កោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលប្រជុំសភាលើកដំបូង នាថ្ងៃទី២១ សីហា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ព្រះមហាក្សត្រ នឹងអញ្ជើញជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ហើយបន្ទាប់មកមានការថតរូបជុំគ្នាជាមួយបេក្ខជនជាប់ឆ្នោតទាំងអស់នៅមុខរដ្ឋសភា។
បន្ទាប់មកព្រឹទ្ធបុរសម្នាក់ ដែលមានអាយុច្រើនជាងគេ ដែលនៅក្នុងបញ្ជីរបស់ គ.ជ.ប បានបញ្ជាក់ច្បាស់ហើយ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងទទួលធ្វើព្រឹទ្ធបុរស ឡើងទៅលើវេទិកាដឹកនាំកិច្ចប្រជុំលើកទី១បន្ត ហើយបេក្ខជនជាប់ឆ្នោត ទាំងអស់ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីផង នឹងទៅស្បថនៅព្រះបរមរាជវាំងចូលកាន់តំណែង។
តាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សតែ២ប៉ុណ្ណោះ ដែលឈ្នះអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥អាសនៈ៕
