វត្តអារាមចំនួន ៤០វត្ត នៅក្នុងខេត្តមណ្ឌលគិរី ទទួលបានការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ពីរដ្ឋបាលខេត្ត

ភ្នំពេញ៖ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងលោកជំទាវ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ រួមទាំងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ គង់ក្នុងវត្តអារាមចំនួន ៤០វត្ត នៅក្រុង/ស្រុកទាំង០៥ ក្នុងខេត្តមណ្ឌលគិរី នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ។
សូមបញ្ជាក់ថា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ ដែលបាននាំយកទៅប្រគេនជូនដល់ព្រះសង្ឃ គង់ក្នុងវត្តអារាមចំនួន ៤០វត្ត ដោយក្នុងមួយវត្តទទួលបាន៖ ទៀនព្រះវស្សា១គូ ស្លាដក ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ
ត្រីខកំប៉ុង មី ព្រមទាំងបច្ច័យ ក្នុង១វត្តចំនួន ៧០ម៉ឺនរៀល ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាប្រជាពលរដ្ឋ ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រុងរឿងទៅមុខបន្តទៀត ៕
