សម្តេចតេជោ អំពាវនាវឲ្យជនរួមជាតិ សមាជិក សមាជិកាបក្សប្រជាជន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអំពាវនាវដល់ជនរួមជាតិ ក៏ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត។
ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧ម៉ឺននាក់ ជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅថ្ងៃឤទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតហើយ! ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត» ៕
