ឯកឧត្តម ប៉ែន ស៊ីម៉ន អំពាវនាវដល់ពលរដ្ឋគ្រប់រូបដែលមានឈ្មោះត្រូវទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីសម្តែងឆន្ទៈគាំទ្រសម្តេចតេជោ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ព្រះវិហារវត្តមុនីឧត្តម ស្ថិតនៅភូមិក្រាំងលាវ ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្នុងក្រុមការងាររដ្ឋាភិបាល សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជុំវិញខេត្តកំពត គណ:កម្មាធិការអាចារ្យវត្ត លោកយាយ លោកតា លោក លោកស្រី មន្រ្តីរាជការ យាយជី តាជី ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូលនាឱកាសដ៏វិសេសវិសាលនេះដែរ។
ទន្ទឹមនោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់កសាងនូវសមិទ្ធផល និងអំពើល្អរបស់មន្ត្រីថ្នាក់មូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ពិសេស ចូលរួមកសាងនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋានធ្វើអោយមានការរីកចម្រើនឆ្លើយតបនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីសម្តែងឆន្ទៈគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានបំពាក់មេដាយជូនសប្បុរសជនដែលមានស្នាដៃក្នុងការចំណាយធនធានកសាងគរុភណ្ឌក្នុងអារាមនេះ ព្រមទាំងបានប្រគល់ថវិកាសម្រាប់ចំណាយក្នុងកម្មវិធី ក្រុមសិល្បៈល្ខោន តន្ត្រី ចំនួន៤.២០០ដុល្លារ ឧបត្ថម្ភជូនក្រុមគ្រូពេទ្យប្រចាំការ កងកម្លាំងការពារ សរុបថវិកាចំនួន ៣១លាន ៨សែនរៀល និង៤.២០០ដុល្លារ ប្រគេនបច្ច័យសីមាឥន្ទកិល ២០លានរៀល សីមាទិសទាំង៨ បច្ច័យ ៤លានរៀល សម្រាប់ព្រះសង្ឃជយន្តោ ព្រះសង្ឃពុទ្ធាភិសេកលើព្រះវិហារ ២៨អង្គ សាដក២៨ បច្ច័យ ៥មុឺនរៀល តាជី យាយជី ១០០នាក់ ក្នុងម្នាក់ៗទទួលបានអាវប៉ាក់ខោឡាញ់ សំពត់ព្រែ កន្សែងពានា និងថវិកា ១មុឺនរៀលផងដែរ ៕
