បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ពីមូលហេតុដែលបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាគណបក្សដែលឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ក្នុងរយៈកាលនោះទេ គឺគ្មានជម្រើសដើម្បីសម្រាកនោះទេ ពីព្រោះយើងទទួលបាននូវការទុកចិត្ត និងការផ្ញើជោគវាសនាពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីឱ្យបក្សដឹកនាំ និងបម្រើពួកគាត់សម្រាប់រៀងរាល់ ៥ ឆ្នាំម្តង តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ដោយក្នុងនេះ ក៏មានការរៀបចំដំណើរការបោះឆ្នោតយ៉ាងទៀតទាត់ចាប់តាំងពីនីតិកាលទី១ រហូតឈានដល់ការបោះឆ្នោតនីតិកាលទី ៧ នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ដូច្នេះ គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុត គឺមិនរត់ចោលប្រជាជន ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត ៕

