ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់ បក្សប្រជាជនលើការបោះឆ្នោតឃុំ-សង្កាត់ មិនមែនបានមកដោយចៃដន្យទេ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក គឺមិនមែនបានមកដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា សន្លឹកឆ្នោតដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត ៕
