សម្តេចតេជោ លើកទឹកចិត្តឲ្យចៅក្រម សម្របសម្រួលឲ្យអស់លទ្ធភាព លើសំណុំរឿងរដ្ឋប្បវេណី ជាជាងការកាត់ក្តី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យចៅក្រម ប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា ពាក់ព័ន្ធនឹងសំណុំរឿងរដ្ឋប្បវេណី ជាជាងការកាត់ក្តី ។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សំខាន់ណាស់ នៅកន្លែងនេះ សូមលើកទឹកចិត្តឲ្យអស់លោកចៅក្រម អស់លោកលោកស្រីជាចៅក្រមទាំងអស់ ប្រើប្រាស់ឲ្យអស់លទ្ធភាពនៃការសម្របសម្រួល ជាជាងការកាត់ក្តី។ រឿងនេះ គឺអាចធ្វើបានគ្រប់សំណុំរឿងរដ្ឋប្បវេណី រឿងបញ្ហាព្រហ្មទណ្ឌវាជារឿងមួយផ្សេង ដែលចៅក្រមរបស់យើងពិបាក ហើយក៏ពិបាកមានលទ្ធភាពធ្វើទៅដែរ ព្រោះទាក់ទិននឹងបញ្ហាព្រហ្មទណ្ឌ វាជារឿងមួយផ្សេង ហើយសូមកុំភ្លេចថា ក្រសួងយុត្តិធម៌ ក្នុងនាមជាតំណាងឲ្យខាងរាជរដ្ឋាភិបាល នៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ចាំបាច់ណាស់ យើងត្រូវតែគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើង ជាពិសេសប្រទេសយើង ដែលគេហៅថា សម្បូរទៅដោយអំពើជ្រុលនិយមហួសហេតុ ដែលបន្តវត្តមាននៅកម្ពុជា» ៕
