សម្តេចតេជោ៖ គណបក្សប្រជាជន នៅតែជាជម្រើសរបស់ពលរដ្ឋ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលធានានូវសន្តិភាព និងការអភិវឌ្ឍ មានថ្ងៃនេះគ្មានបក្សដទៃណាមួយមកជំនួសគណបក្សប្រជាជនកម្ពុជាធ្វើនោះទេ។
នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ២២,៣៥៨នាក់ មកពីរោងចក្រសហគ្រាចំនួន២៤ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សម្តេចតេជោបានថា “គណបក្សប្រជាជន នៅតែជាគណបក្សដែលអាចថាជម្រើសល្អសម្រាប់ក្មួយៗ ធានានូវសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសនេះ។ មិនមែនជាការដើរឃោសនាទេ ក៏ប៉ុន្តែក្មួយៗ មានថ្ងៃនេះគ្មានបក្សដទៃណាមួយមកជំនួសគណបក្សប្រជាជនធ្វើទេ ការកសាងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ គឺអ៊ុនតាក់ ប្រើលុយ ២ពាន់លានដល្លារ អត់បញ្ចប់សង្គ្រាមនៅស្រកខ្មែរបានទេ តែទីចុងបំផុត គឺខ្មែរគ្នាឯងដោះស្រាយតាមរយៈនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេច បានបង្កើតឱកាសសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា”។
សម្តេចតេជោបានបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់បង្កើតការងារឱ្យបាន ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ដោយទាក់ទាញអ្នកវិនិយោគ ធ្វើយ៉ាងណាបង្កើតការងារ ឱ្យបាន៣០ម៉ឺននាក់៕
