បណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ ជានយោបាយ អន្ទងចិត្តកូនខ្មែរ ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលគំនុំសងសឹករវាងខ្មែរ និងខ្មែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នាថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសានសន៍បន្តថា ដោយសារ “នយោបាយឈ្នះ-ឈ្នះ” ទើបយើងកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរក្រហម, ខ្មែរខៀវ, ឬ ខ្មែរមកពីក្រុម ឬ តំបន់ណាមួយនោះ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ដូច្នេះ យើងមិនត្រូវភ្លេចឡើយនូវតថភាពប្រវត្តិសាស្រ្តនេះ ហើយក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា យើងត្រូវមានទស្សនៈមោះមុតក្នុងការការពារគ្រឹះសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះថាសន្តិភាព គឺជាអ្វីដែលយុវជនរៀមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាកបំផុត ៕
