បណ្ឌិត ហ៊ុន ម៉ាណែត៖ ដើម្បីបន្តបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្សប្រជាជនកម្ពុជា ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន យើងមានភារកិច្ចសំខាន់ ៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ដើម្បីបន្តបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្សប្រជាជនកម្ពុជា ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន យើងមានភារកិច្ចសំខាន់ ៣។
ឯកឧត្ដមមានប្រសាសន៍បែបនេះនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧ មករា។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា “ភារកិច្ចសំខាន់ ៣ គឺ៖ ទី១. ថែរក្សាឱ្យបាននូវរាល់សមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ, ទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ និង ទី៣. រួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីផ្ទេរទៅឱ្យយុវជនជំនាន់ក្រោយៗទៀត”។
ជាមួយគ្នានោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានព្យាយាមអស់ពីកម្លាំងកាយចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំកម្រិតឧត្តមសិក្សា ក្នុងរយៈកាលកន្លងមក និងសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សនៅតាមក្រសួង-ស្ថាប័ន និងគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ ដែលបានអនុវត្តភារកិច្ចការងារយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ក៏ដូចជាការជំរុញការកសាងសមាជិកបក្សនៅក្នុងជួរសាស្ត្រាចារ្យ, បុគ្គលិកអប់រំ, គរុសិស្ស និងនិស្សិត ព្រមទាំងការចលនាសកម្មជនយុវជនគណបក្ស ដើម្បីចូលរួមក្នុងយុទ្ធនាការ និងព្រឹត្តិការណ៍សំខាន់ៗរបស់គណបក្ស៕
