ឯកឧត្តម ហ៊ុន ម៉ាណែត៖ ពលរដ្ឋគ្រប់ទីកន្លែង ពិសេសយុវជន បានយល់ដឹងពីស្នាដៃ និងបុព្វហេតុរបស់បក្សប្រជាជន និងបានគាំទ្របក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានសម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារហូតជាង ៦ លាននាក់ នៅទូទាំងប្រទេស។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត គឺបង្ហាញច្បាស់អំពីអត្រាដ៏ច្រើនលើសលប់នៃការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពនូវតួនាទីជាពលរដ្ឋល្អ ដែលត្រូវជ្រើសរើសអ្នកដឹកនាំជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន ជាពិសេសអ្នកដែលបានបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ៕

