សម្តេចតេជោនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយ ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ ៕
